Header Ads

ពិធីកាត់ផ្កាស្លា | ពិធីកាត់សក់ | ពិធីសូត្រមន្ត | ពិធីសែនគួចដៃ | ពិធីធ្វើធ្មេញ (ប្រាំចំនុចទៀត)

ពិធីកាត់ផ្កាស្លា | ពិធីកាត់សក់ | ពិធីសូត្រមន្ត | ពិធីសែនគួចដៃ | ពិធីធ្វើធ្មេញ (ប្រាំចំនុចទៀត)


ពិធីកាត់ផ្កាស្លា


ដល់ពេលហើយអាចារ្យទៅដល់ទីកន្លែង ដើមដួងឬស្លា មើលស្ថានភាពទីកន្លែងត្រូវក្រាលកន្ទេលឈមមុខទៅទិសណា ឲ្យស្របទៅតាមកម្លាំងថ្ងៃ។
ក្រាលកន្ទេលដាក់ខ្នើយ លើកកន្ទេល ក្រាលសំពត់សលើខ្នើយរកជើងពានទ្រផ្កាស្លា ឬ ដូង រកអំបោះពណ៌ស សំរាប់ចងដៃ និង ចងដើមដូង(អំបោះឆៅសសុទ្ធ)បានសព្វគ្រប់ហើយ អាចារ្យឲ្យមហាឬ អាចារ្យខ្លួនឯង ហែកូនប្រុសចេញពីរោង ឬពីកន្លែងកូនប្រុសស្នាក់នៅ មកកន្លែងពិធី។ អាចារ្យអុជធូប ទៀន បាយសំណែន និយាបួងសួងដល់ភូមិករ ព្រះធរណី
មេមត់ចាស់ស្រុក សុំផ្កាស្លា ឬ ដូង យកទៅធ្វើជាមង្គល សិរីសួស្តីក្នុងពិធីមង្គលការ។ បន្ទាប់មកអាចារ្យសូត្រប្រសិទ្ធិពរឲ្យកូនប្រុសរួចហើយ។ ពីដើម អ្នកឡើងជើងទៅមុន ដល់ត្រង់កដូង ទើបត្រឡប់ក្បាលឡើង។ ដល់ចុះមកក៏ចុះក្បាលមកមុន។ ការកាប់នេះប្រយ័ត្នបំផុត មិនឲ្យ បែក ឬ ប្រេះទេ។ ពេលចុះជិត ដល់ដី អាចារ្យយកជើងពាន ដែលចងភ្ជាប់ ដោយចិញ្ជៀន និង ដាក់ប្រាក់ជាទ្រនឹម លើជើងពានសំរាប់ជូនអ្នកឡើង ហុចឲ្យកូនប្រុស។ កូនប្រុសយកជើងពានទទួលផ្កាស្លា ជានិមិត្តរូប សុភមង្គលរបស់ខ្លួនអ្នកឡើងគាបជើងនឹងដើមស្លា ឬ ដួងឲ្យជាប់យកដៃស្រាយបង្វិចក្រមា រុំផ្កាស្លា ឬដូង ដាក់ស្រាលលើជើងពាន រួចយកប្រាក់ដែលគេដាក់ជាទ្រនឹបលើជើងពាននោះ។ បានផ្កាស្លា ឬ ផ្កាដូងហើយ អាចារ្យហែកូនប្រុសមកវិញអាចារ្យបង្គាប់ឲ្យមហារៀបចំពិធីកាត់សក់។





ពិធីកាត់សក់



ការកាត់សក់នេះពីដើម កូនប្រុសកាត់នៅរោងការបែរមុន ទៅខាងកើតចំរានទេវតា ដែលអាចារ្យចំទុក។ ការកាត់ គឺកាត់មែនទែនជ្រងផ្កាថ្កូវ។ ឯកូនស្រីកាត់លើផ្ទះ អង្គុយនៅល្វែងចន្ទបែរមុខទៅកើតដូចគ្នា ដោអាចារ្យខ្ញែជាអ្នកចាត់ចែង។ ពិធីនេះកាត់ពេលជាមួយគ្នា ដោយបញ្ជាពីអាចារ្យពេលា។ តែកូនស្រីគ្រាន់តែកោរោម ប៉ុណ្ណោះទុកសក់បួង។ • ការអង្គុយចាំចាច់កូនស្រីត្រូវអង្គុយខាងស្តាំ។ សព្វថ្ងៃ យើងឲ្យកូនស្រីអង្គុយជាមួយកូនប្រុសតែម្តង នេះក៏ល្អម្យ៉ាងដែរ ដោយឲ្យអង្គុយទន្ទឹមគ្នា ។ តែប្លែកត្រង់ឲ្យកូនប្រុសអង្គុយខាងស្តាំវិញ។ វាខុសពីពិធីបុរាណ។ សម័យបុរាណអាចារ្យរៀបជាវគ្គៗមាន កាត់សក់ មុជទឹក លាបប្រេងម្សៅ ប្រសិទ្ធិពរជ័យ។ អាចារ្យរៀបចំអាសនៈ មានតុកៅអី បែរមុខទៅរករានទេវតាក្រាលកនទេលដាក់ខ្នើយ នៅមុខតុ កៅអី បែរមុខទៅរករានទេវតា រៀបសក្ការៈលើរានទេវតា មាននំអន្សម ផ្លែឈើ ស្លាធ័រ បាយសី ចងឆ័ត្រមួយគួបាំងរានទេវតា។ • រៀបរួចអាចារ្យឲ្យភ្លេងលេងបទចៅព្រាម ឬ ប៉ុកពើក។ មហាហែកូនប្រុសមកអង្គុយលើកម្រាល បែរមុខទៅរករានទេវតា មហាអញ្ជើញមេបា មាតា បិតា បងប្អូនចូលរួម។ អាចារ្យអូជធូបទៀន នាំនមស្ការព្រះរតនត្រៃ។
នមស្ការចប់អាចារ្យ ឲ្យឪពុកម្តាយកូនប្រុស អង្គុយបែរមុខទៅរកកូនខ្លួន។ អាចារ្យចាប់ដៃកូនប្រុសឲ្យស្គាល់គុណរបស់ មាតាបិតា សូមខមាទោសមាតាបិតាសុំអនុញ្ញាតមាតាបិតា អង្គុយលើកៅអីកាត់សក់។ អ្នកភ្លេងលេងបទសារិកាកែវឬបទណាមួយដែលលោកមេបាបញ្ជា។ ពីបុរាណអ្នកកាត់ គេរើសយកមាបង្កើតឬបងប្រុសបង្កើត បើមិនចេះកាត់ គេគ្រាន់តែចូលកាត់ជើងសក់ពីរកន្រ្តៃ រួចប្រគល់ឲ្យជាងវិញ។ ពីដើម គ្មានប្រកាសលក់កន្រ្តៃទេ តែឥឡូវមានក៏ល្អណាស់ដែរព្រោះជាប្រផ្នូលបានព្រះឥន្ទផ្តល់ កា្រស់ កន្រ្តៃ កាំបិតកោរ ប្រេងម្សៅ ដល់គូស្វាមីភរិយាថ្មី។ តែសូមប្រើពាក្យពេចន៍ឲ្យបានល្អៗ ជៀសវាងអាសអាភាស នាំខូចប្រពៃណី។ កាត់សក់រួចមេបា ឲ្យទៅទាក់ដំរី បញ្ជិះកូនប្រុសទៅមុជទឹកស្ទឹងហៅថា ស្ទឹងអនោមា(តាមលិទ្ធិព្រាហ្មណ៍)





ពិធីសូត្រមន្ត



ពីដើមសូត្រមន្តដោយឡែកពីគ្នា។ ខាងស្រីសូត្រលីផ្ទះ ខាងប្រុសសូត្រក្នុងរោង។ ព្រះសង្ឃយ៉ាងតិច៤អង្គ ដោយសូត្រមន្តខាងស្រីមុន ទើបមកសូត្រខាងប្រុសជាក្រោយ។ ព្រះសង្ឃនិមន្តដល់លើផ្ទះ កូនស្រីត្រូវចេញមកអង្គុយត្រង់ល្វែងចន្ទ អាចារ្យរៀបចំគ្រឿងសក្ការៈ នមស្ការ សុំសីល និង អារាធនា ព្រះសង្ឃចំរើនព្រះបរិត្ត។ចប់ខាងស្រីទើបអាចារ្យ និមន្តព្រះសង្ឃទៅសូត្រខាងប្រុសទៀត។ ឥឡូវនេះគេសូត្រមន្តជាមួយគ្នាតែម្តងគឺនៅលើផ្ទះខាងស្រី។ សូត្រមន្តជាមួយគ្នានេះ កូនប្រុសមិនអាចអង្គុយជាមួយកូនស្រីនៅល្វែងចន្ទបានទេ ត្រូវអង្គុយនៅល្វែងឆៀង។ ការអង្គុយកូនស្រីអង្គុយខាស្តាំជានិច្ច។
សូមតទៅវគ្គមុនបន្តិច ធម្មតាកាត់សក់រួច ត្រូវមុជទឹក ស្ទឹង បឹង អណ្តូង ត្រពាំង ស្រះពាង ដើម្បីសំអាតកាយ។បុរាណឲ្យទៅមុជទឹកជិតៗផ្ទះ ដើម្បីលើកដម្លៃកូនប្រុស គាត់ឲ្យជិះដំរី មានហែហមមុខក្រោយកិត្តិយសណាស់។ បើគ្មានដំរីក៏យកសះឬក្របីក៏បានដែរ តែប្រើពាក្យថាដំរី។មេបាបញ្ជាឲ្យទៅរកដំរីភេ្លងលេងបទទាក់ដំរីបុរសពីរនាក់ធ្វើរបៀបចេញដំណើរ លេចវាលចូលព្រៃ រៀបរាប់ទេសភាព។ បើខ្លាចជួមឧបស័គ្គ គេច្រៀងបែរបន់ សុំមេមត់ព្រៃ ដែលថែរក្សាដំរី សុំអនុគ្រោះដល់ខ្លួន។ភ្លេងលេងបទសុរិន្ទខ្នងភ្នំ។ទាក់ដំរីបានហើយ បង្គាប់កូនប្រុសឲ្យជិះដំរីទៅមុជទឹក ដោយអាចារ្យដើរមុខ អ្នកហែហមដើរក្រោយ។ភេ្លងលេងបទស្តេចយាង។ដល់ងូតទឹកភ្លេងលេងបទត្រពាំងពាយ។មុជទឹកហើយត្រលប់មកវិញ ផ្លាស់សំលៀកបំពាក់ អង្គុយលើកៅអី លាបប្រេងម្សៅនិង ប្រសិទ្ធិពរជ័យ។





ពិធីសែនគួចដៃ



ពិធីនេះគឺគេគោរពវិញ្ញាណក្ខន្ធ័ ជីដូនជីតា និង សុំឲ្យគាត់ ទទួលស្គាល់ថាខ្លួនបាន រៀបអាពាហ៍ និង គោរពជីដូនជីតា នៅរស ឲ្យគាត់យកអំបោះចងដៃទទួលស្គាល់ ថាបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវ។ ពីបុរាណគួចដៃគឺ ជីដូនជីតា មាតាបិតា ម្តាយធំ ឪពុកធំ និង បងប្អូនទាំងអស់ ចាប់អំបោះឆៅពណ៌ស ចងដៃកូនប្រុសស្រី។ ហើយមានវត្ថុមានតម្លៃផ្សេងៗទៀត ដូចជាមាស ប្រាក់ គោ ក្របី ដីស្រែចំការជាដើមទៅចងដៃជានិមិត្តរូមល្អបំផុត។ ពីដើមគេធើ្វឲ្យកូនស្រីរួច ទើបចុះទៅធ្វើឲ្យកូនប្រុសនៅឯរោង។ ក្រោយមកឲ្យកូនប្រុស អង្គុយល្វែងឆៀង លើផ្ទះកូនស្រីធ្វើខាងកូនស្រីមុន ទើបធ្វើខាងកូនប្រុស។ អាចារ្យរៀបចំក្រាលកន្ទេល ប្រឈមមុខទៅទិសត្បូង ដាក់ខ្នើយក្រាលសំពត់សពីលើខ្នើយ ផ្តឹលទឹកមានអំបោះឆៅពណ៌សម្រាប់ចងដៃ មាន់ស្ងោ ឬក៏ទាស្ងោមួយគូ បាយសម្ល ទឹកតែ ស្រា ទៀន ធូប ជាដើម។ ភ្លេងលេងបទនាងនាគ អញ្ជើញកូនស្រីមកចងដៃ។ កូនស្រីចេញមកអង្គយលើកម្រាលបែរមុខទៅត្បូង។ មេបា ឲ្យភ្លេងលេងបទកងសោយ អាចារ្យចាប់សែននាំមុខគេ ទើបមេបាទាំងអស់ចាប់សែនទាំងអស់គ្នា។ សែនរួចភ្លេងលេងបទបាយខុន អាចារ្យ មាតាបិតាចូលចងដៃ។ សព្វថ្ងៃគេហៅ គូទាំងពីរទៅសែន ហើយគួចដៃតែម្តង សែនបើមានលទ្ធភាពល្អអាចធើ្វធ្មេញបំពេញលក្ខ។





ពិធីធ្វើធ្មេញ



ពីបុរាណ ពិធីធ្វើធ្មេញនេះ ត្រវគេនិយមធ្វើមកច្រើនណាស់ ស្ទើរគ្រប់មនុស្ស ព្រោះគេយល់ថា បន្ទាប់ពីធ្វើធ្មេញរួច កូនស្រីរបស់គេ នឹង បានឡើងជានារីគ្រប់លក្ខណៈមានចរិយាល្អ ស្គាល់ខុសត្រុវ មនុស្សមា្នទាំងពួងទទួលស្គាល់ថានារីមានលក្ខណៈសម្បត្តិល្អប្រពៃ។ និយាយជារួមសង្គមខ្មែរពីដើម គេធ្វើធ្មេញទាំងបុរសផងដែរ ដើម្បីឲ្យបានជាបុរសគ្រប់លក្ខណៈ ចំពោះតែអ្នកមិនបានបួសប៉ុណ្ណោះ។ បើបានបួសហើយដល់ពេលរៀបអាពាហ៍ពិពាហ៍ មិនបាច់ធ្វើធ្មេញទេ។
ពិធីក្រាលអង្កររាប៖ ពិធីនេះបើកូនច្បង និង កូនពៅ យកអង្ករ ៦ តៅ ឯកូនកណ្តាលយកអង្ករ ៣ តៅ។ លោកអាចារ្យរៀបចំពិធីនៅល្វែងចន្ទឆៀងខាងត្បូង។ អាចារ្យរៀបចំក្រាលកន្ទេល រួចក្រលសំពត់សលើកន្ទេល រកនាឡិ ពែង ត្រល់សម្រាប់វាល់អង្ករ។ យាយខ្ញែយកនាឡិវាល់អង្កររាប់តាមអាយុ។កន្លែងខ្លះឲ្យកូនស្រីវាល់ ព្រោះពិធីនេះជាពិធីសង់ភូមិថ្មី បើកូនស្រីវាល់ ល្អប្រសើរជាង។ឯអង្ករនេះមិនត្រូវជូនអាចារ្យទេ ត្រូវទុក ព្រោះជារបស់មង្គល ។ កន្លែងខ្លះបែរជាជូនអាចារ្យវិញ។ ប្រហែលជាគេគ្មានអីជូន ឬយ៉ាងណា? វាល់អង្កររួចហើយ ម៉ែឪ បងប្អូនយកវត្ថុផ្សេងៗ មានមាស ប្រាក់ ត្រល់ ។ល។ ទៅកប់ក្នុងអង្ករដើម្បីផ្សងព្រេងវាសនាកូនស្រី។ យាយខ្ញែវាសអង្ករឲ្យរាបល្អជាបួនជ្រុង រួចទាញសំពត់សគ្របលើអង្ករ។ អ្នកភ្លេងបួនអ្នកឈរគ្រប់ចែងទាំងបួន ច្រៀងរាំខ្វែងអង្កររាប និង ខ្វែងពែង។ រៀបចំស្រេចហើយ អ្នកភ្លេងបួននាក់ ឈរចែងអង្ករទាំងបួន បែរមុខរកគ្នា ដៃចាប់ស្បូវភ្លាំងតាមចង្វាក់ភេ្លង។ ច្រៀងចប់ ដាក់ស្បូវភ្លាំងចុះ ដោយយកគល់ដាក់ចំចែង ខ្លួនឈរ និង ចុងទៅចែងម្ខាងទៀត។អ្នកទាំងបួននាក់ដាក់ដូចគា្ន ច្រៀងដូចគ្នា។ ច្រៀងចប់បន្តច្រៀងខ្វែងពែងទៀត។ អ្នកភ្លេងបួននាក់ឈរនៅចែងអង្កររាប់ កាន់ពែងស្រាមួយម្នាក់ មានស្រាពេញ ច្រៀងចប់មួយវគ្គផឹកបន្តិច រួចហុចពែងស្រាប្តូរគ្នាទៅមក។ ធ្វើបែបនេះបីដង។ បន្ទាប់មកលោកមេបាបង្គាប់ឲ្យនាំកូនស្រី មកអង្គុយលើអង្កររាប។ អ្នកភ្លេងម្នាក់មានសមេ្លងពិរោះ ឈរនៅមុខបន្ទប់កូនស្រី តោងខែ្សច្រៀងប្រាប់កូនស្រី អំពីពេលវេលា និង ករណីយកិច្ចកូនស្រីត្រូវធ្វើបន្តទៀត ស្រីសត្រឡុង ចេញមកពីក្នុងមកអង្គុយលើអង្កររាប ស្រីសសុភាពមកអង្គុយលើអង្កររាបបំពេញលក្ខណៈកូនស្រី។ ច្រៀងចប់យាយខ្ញែចាប់ដៃកូនស្រីមកអង្គុយលើអង្កររាប។ កូនស្រីអង្គុយហើយ លោកមេបាបញ្ជាឲ្យរៀបពិធីគាស់ខ្ញែរ។


របៀបគាស់ខ្ញែរ៖ ត្រូវរកឬសអ្វីមួយរាងដូចខ្ញែរ មកដាក់ជុំវិញអង្កររាបដែលកូនស្រីអង្គុយ។ អ្នកភ្លេងបួននាក់កាន់ចបជីកម្នាក់មួយៗ ដើរជុំវិញកូនស្រី ធ្វើដំណើរទៅគាស់ខ្ញែរ និង ច្រៀងថា:តាខែ្ញរយាយខ្មែរផ្លែដៃផ្លែជើងបានអី្វឲ្យយើងយើងគាស់ខ្ញែរឲ្យ ឱណាកែវណាយើងគាស់ខ្ញែរឲ្យ។ គាស់ដល់ឬសខាងៗខ្ញុំជីកលោកអើយ អស់ហើយដល់ឬសខាងៗខ្ញុំជីកអស់ហើយ
ឬសកែវៗនៅឡើយជីកបង្ហើយក្រោយគេ។ ឱណាកែវៗណាជីកបង្ហើយក្រោយគេ អញថាជីកៗ ជីកៗ រំពីងជីកឲ្យរលីង លើកមង្គលកូនស្រី។ គេច្រៀងបាន ៣ដង ទើបយកចុងចបជីកឆ្កឹះ ឬស ខ្ញែរទម្លាក់ចេញពីលើអង្កររាប។ ការនេះហាមដាច់ខាតមិនឲ្យប៉ះកាយ ឬលើករំលងកូនស្រីទេ។ រួចគេដាក់ចបជីកយកដៃប្រមូលខ្ញែររួចយកផ្តឹលទឹកទៅសូត្រពរជ័យដល់កូនស្រី។ បន្ទាប់មកលោកមេបាឲ្យទៅរកលក្ខជុំកន្លង់ នៅព្រៃហេមពាន្ត ខ្លះថាព្រៃសម្បុកសម្បូរណ៍ ខ្លះថាភ្នំកៃលាស ដើម្បីមកធ្វើធ្មេញឲ្យកូនស្រី។




No comments