Header Ads

ពិធីរៀបអាពាហ៍ពិពាហ៍ តាមរបៀប តាំងពីបុរាណ

ពិធីរៀបអាពាហ៍ពិពាហ៍តាមរបៀបតាំងពីបុរាណមកម្លេះ


ពិធីចែចូវ




អាណាព្យាបាលកូនប្រុស ត្រូវរើសយកស្រ្តីណាម្នាក់ នៅក្នុងភូមិ ជាអ្នកមានគូស្រករត្រឹមត្រូវ តាមប្រពៃណីមានប្តីរស់នៅសព្វថ្ងៃ (ចាស់ថាបិនបែកមែកធាង) ជាអ្នកមានចរិយាសម្បត្តិល្អ និយាយទៅរកអ្នកណាក៏គេស្តាប់ គេជឿទុកចិត្ត មានជីវភាពធូរធារ មានកាយសម្បទាគ្រប់គ្រាន់ឲ្យនាងចូលទៅនិយាយការជាមួយម៉ែឳ ឬ អាណាព្យាបាលខាងស្រី។ នាងដែលយើងពឹង ទៅនិយាយជាមួយម្តាយឳពុក ឬ អាណាព្យាបាលខាងស្រី ដោយពាក្យពេចន៍ផ្លែផ្កាជាមុនសិនដូចពាក្យថា ទឹកដីជ័យភូមិនេះស្រស់បំព្រង ដំណាំដាំដុះគ្រប់បែបយ៉ាង ដាក់ចុះដុះឡើង អញ្ជឹងបានជាគេចង់មកផ្ញើសាច់ផ្ញើសាច់ផ្ញើឈាម ចង់រួមរស់នៅលើទឹកដីដ៏មានជីជាតិនេះ។ ខាងម្ចាស់ផ្ទះកូនស្រីលឺសំដីនេះ មិនទាន់តបថាម៉េចទេ គ្រាន់តែសួរថា “ អើ! នាង (ឬអ្នកតាមដែលអាចហៅបាន) មានករអី? ទឹកដីជ័យភូមិអី? មកអង្គុយលេងសិន” (រួចសួរសុខទុក្ខ) បន្តថា” មានការអីដែរ?” ។ នាងដែលយ់ងពឹងនិយាយត្រង់ថា: សូមទោសបង (ឬអ្នកតាមស្និទ្ធស្នាល) មានគេពឹងពររកខ្ញុំឲ្យចូលមកចែចូវ ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយ……។ ម្តាយ ឬ ឪពុកខាងស្រីសួរឈ្មោះកូនប្រុស ពូជពង្ស គ្រួសារ គេមានកូនប៉ុន្មាននាក់ ប្រុសប៉ុន្មាន ? ស្រីប៉ុន្មាននាក់? ជាកូនទីប៉ុន្មាន? ។ អាណាព្យាបាលខាងស្រីថា មិនអីទេចាំពិគ្រោះជាមួយឪវា ឬ ប៉ាវា និងសួរបងប្អូនសិន។ តាមពិតគេចង់ពិនិ្យតលើពូជពង្ស និង ចរិយាសម្បត្តិរបស់សាមីខ្លួន។ នាងត្រូវគេពឹងពរនោះទៅ ២-៣-៤ដង រហូតបានដំណើរជាវិជា្ជមាន។ កាលបើបានដំណឹងជាវិជ្ជាមានហើយ អ្នកចែចូវប្រាប់ខែថ្ងៃឆ្នាំកូនស្រីឲ្យខាងប្រុសយកទៅរកហោរាគន់គូរមើលពិនិត្យពង្សផ្សំធាតុ។ បើល្អហើយខាប្រុសរៀបចំចូលស្តីដណ្តឹង។




ពិធីស្តីដណ្តឹង




បានឯកភាពថាខាងស្រីឲ្យចូលស្តីដណ្តឹង ខាងប្រុសត្រូវ:
• រកហោរោមើលពេលាជ័យថ្ងៃ ខែ ឆ្នាំ ល្អដើម្បីសេរីសួស្តី
• បានពេលាជ័យហើយ ខាងប្រុសប្រាប់អ្នកចែចូវ ឲ្យទៅប្រាប់ខាងស្រីពីពេលាថ្ងៃ ខែ ដែលចូលស្តីដើម្បីខាងស្រីរកញាតិមិត្តមកជាអធិបតីក្នុងពិធីស្តីដណ្តឹងនោះផង។
• ពឹងពាក់នារីមានលក្ខណៈល្អប្រសើរ ដូចនារីចែចូវជាធ្មាយនិយាយការ។
• ជំរាបញាតិមិត្តទៅចូលរួមផង
• រកប្រដាប់ប្រដា ម្លូស្លា តែស្ករ ម្ហូបអាហារ នំចំណីជាទ្រនាប់ដៃ។
អ្នកទៅស្តីដណឹ្តងហៅថា “អ្នកផ្លូវចៅមហា” ។
ពឹងចាស់ព្រឹទ្ធាចារ្យ ចេះចាំប្រពៃណីស្ទាត់មកជាមេបា។ (បង្គោលការ) សំរាប់សម្រេចកិច្ចការដែលធ្មាយស្នើសួរនិងបង្គាប់បញ្ជា ឬឲ្យយោបល់។ រៀបចំផ្ទះសំបែងរៀបម្ហូបអាហារទទួលភ្ញៀវ
អញ្ជើញញាតិមិត្តសាច់សារលោហិត។ លុះដល់ថ្ងៃកំណត់ខាងប្រុស នាំធ្មាយ មហាចូលទៅជួបជុំគ្នា ហើយធ្មាយចាប់និយាយៈ
អួតសរសើរពីចរិយាសម្បត្តិកូនប្រុសជូនលោកមេបា។ ខាងមេបាថា”ទុកឲ្យខ្ញុំតាមដានកូនប្រុសឲ្យបានយូរបន្តិចសិន តើដូចពាក្យថា ឬ ទេ?”។




ពិធិស៊ីស្លា

• ពិធីនេះមានពីរយ៉ាង ស៊ីស្លាធំ ឬ ស្លាតូចទៅតាមធនធាន និង តាមការព្រមព្រៀងគ្នា។
• ស៊ីស្លាធំ ស្ទើរប្រហែលមង្គលការ គឺពាក់កណ្តាលនៃពិធីរៀបមង្គលការ។
• ស៊ីស្លាតូចមួយភាគបី (មួយភាគបី) នៃមង្គលការ។
• រកហោរាគន់គូរជោគជតារាសី ថាតើត្រូវធ្វើនៅខែថ្ងៃឆ្នាំណា?។ តែត្រូវជំរាប ឲ្យខាងស្រីដឹងមុនយូរថ្ងៃបន្តិច ទុកឲ្យគេរៀបចំផ្ទះសម្បែងប្រុងប្រៀបអាហារទទួល។
• រកធ្មាយនិងមហាទៅនិយាយជាថ្មី។
• រកភស្តុភារបណ្តាការជូនលោកមេបា។
• អញ្ជើញបងប្អូន មាមីង ទៅចូលរួម ។
ដល់ថ្ងៃកំណត់យើងនាំញាតិនិងជំនូនទៅខាងស្រីនិយាយកាម្តងទៀត។
ដំបូងធ្មាយនិយាយតាមលំដាប់លំដោយ។ បើលោកមេបាថាត្រឹមត្រូវថាមិនអីទេ ឲ្យនាងធ្វើផ្ទះមួយខ្នង ឬ ពីរខ្នងទំហំ……ស្លឹក ឬ ក្បឿង (ពីដើមគេបង្គាប់ផ្ទះ រៀបការរួចប្រគល់ឲ្យកូននៅផ្ទះនេះតែម្តង)។ នាងធ្មាយ លឺដូច្នេះ សុំដកបង្គុយថយថា សូមទោសខ្ញុំជាស្រីសំដីតិចយល់មិនបានជ្រៅ ជាប្រពន្ធគេផង មិនអាចទទួលភារៈធ្ងន់ពីលោកមេបាទេសូមប្តឹងដកបង្គុយទៅរកបុសដែលមានកំលាំងខ្លាំង ស្មារតីរឹង បញ្ញាវាងវៃមកធានារ៉ាប់រងចំពោះលោកមេបា សូមលោកមេបាមេតា្តអនុគ្រោះ។
កាលបើនាងធ្មាយអង្វរបែបនេះ មេបាថា:
“ អើ ! បើនាងមិនហ៊ានទទួលភារកិច្ចរបស់ខ្ញុំទេ នាងទៅរកបុរសតាមសំណូមពរទៅចុះ ដើម្បីនិយាយការតទៅទៀត”។
• បុរសដែលត្រូវមកនិយាយនេះ សុំស្គាល់លោកមេបា និង ជំរាបពីប្រវត្តិសង្ខេបរបស់ខ្លួន ចំណេះវិជ្ជា តួនាទី និងសូមនិយាយការជាមួយលោកមេបា។
• កាលបានដឹងពីប្រវត្តិ ហើយលោកមេបាអនុញ្ញាតឲ្យនិយាយការនិងបំពាក់តួនាទីថ្មីថាជាមហា(មហាមាន៣: មហាទេព មហាមន្ត្រី មហាភក្តី) ហៅថាពាក់អាវសក្តិឲ្យមហាថ្មី។
• បុរសបានតួនាទីជាមហា និយាយការតាមលំដាប់លំដោយ។ បើលោកមេបាបង្គាប់តាមប្រពៃណី ហើយមហាហ៊ានទទួល មេបាថា ធ្វើសម្រេជថ្ងៃណា ខ្ញុំនឹងអនុញ្ញាតឲ្យលោកមហារៀមអាពាហ៍ពិពាហ៍ ជាមួយកូនស្រីខ្ញុំថ្ងៃនុះឯង។
• បើសម្រេចហើយមហាត្រូវទៅទួលលោកមេបា នូវកិច្ចដែលបង្គាប់នោះថា សម្រេចហើយ។
• លោកមេបាផ្តើមនិយាយ ពីភស្តុភារបណ្តាការ(ជំនួន) ពេលរៀបអាពាហ៍ពិពាហ៍បន្តទៀត។
• មេបានិងមហាឯកភាពគ្នាហើយ ត្រូវមានសំបុត្រចុះចំនួនមុខរបស់និងចំនួនរបស់ភស្តុភារបណា្តការ ជូនលោកមេបា១សន្លឹក និងខ្លួនឯង១សន្លឹក។




សែនក្រុងពាលី

មហាសុំលោកមេបា ថាតើឲ្យធ្វើម៉ោងណា។ មេបាអនុញ្ញាត មហាស្នើរសុំលោកមេបា ព្រមទាំងត្រកូលរៀមច្បង ចូលរួមពិធីសែនក្រុងពាលី។ មហាមកប្រាប់អាចារ្យ អាចារ្យទៅមើលកន្លែងរៀបចំសែនក្រុងពាលី ត្រូវក្រាលកន្ទេលកន្លែងណា? ។ តាមធម្មតាគេត្រូវក្រាលកន្ទេល នៅលើដីខាងត្បូងផ្ទះកូនស្រី ខាងត្បូងល្វីងចន្ទ បែរមុខទៅត្បូង។ បើផ្ទះកូនស្រីគ្មានកន្លែងខាងត្បូងទេ ត្រូវរៀបខាងកើត បែរមុខទៅត្បូង។ ចំពោះអាចារ្យត្រូវអង្គុយលើក្បាលនាគជារហូត។ បន្ទាប់មករកមេមត់ព្រៃមកបញ្ជាន់ សុំទីកន្លែងក្រុងពាលី បានឬមិនបាន? បើមេមត់ថាព្រមបានហើយទើបធ្វើពិធី។ មហាក្រាលកន្ទេល ដាក់ខ្នើយក្រលសំពត់សពីលើខ្នើយរៀបសក្ការបូជា មានបាយសី ស្លាធរ័ ផ្កាភ្ញី អុជទៀនធូប ប្រទីបជ្វាលា ម្ហូបអាហារ បង្អែម មាន់ស្ងោរមួយគូ ពែ៣រូត ឬពែ៥រូតមួយ………។ ភ្លេងលេងបទស្តេចយាង ពេលហែកូនប្រុស មកអង្គុយលើកន្ទេល(ពីដើមមានតែកូនប្រុសទេ ដែលមកអង្គុយសែនក្រុងពាលីនេះ ព្រោះទើបមកជាន់ទឹកដីថ្មី តែឥឡូវមានកូនស្រីដែរ)។ ភ្លេងលេងបទហោមរោង កងសោយ លោកមេបាអាចារ្យនិងអ្នកច្រៀង បួងសួងអញ្ជើលស្តេចក្រុងពាលីមកសេពសោយ និងទទួលស្គាល់កូនប្រុសជា សមាជិកថ្មីនៃគ្រួសារនេះ។ លោកមេបាចាប់សំណែនមួយភាគដាក់ក្នុងពែ ព្រោះគេយល់ថាអ្នកមានបណ្តាសក្ក័ អាចសេពសោយវត្ថុនេះបាន ឯអ្នកហែហមមិនហ៊ានហូបចូលអ្នកធំទេ។ នៅចាំខាងក្រៅបានជាចាប់ដាក់ក្នុងពែ ដើម្បីឲ្យអ្នកហែហមបានហូមផង។ ភ្លេងលេងបទសែនពែ អ្នករបាំពីរនាក់រាំចាប់ពែសែងយកទៅតាមទិសដែល អាចារ្យកំណត់។
មហាទៅជំរាបលោកមេបា ពីកិច្ចការដែលខ្លួនធ្វើ ហើយសូមលោកមេបាបានបញ្ជាទៀត។ លោកមេបាបង្គាប់ចូលស្តីដណ្តឹង ដើម្បីញាតិមិត្តជិតឆ្ងាយ មិនទាប់ដឹង បានដឹងផង។




ពិធីស្តីដណ្តឹង


ពិធីនេះដូចមុន តែសង្ខេបខ្លីជាង ធ្មាយ និង មហាចូលនិយាយការជាមួយលោកមេបាឡើងវិញ។ សំខាន់លោកមេបាចង់ឲ្យនិយាយពីការបង្គាប់ផ្ទះប្រាក់ឬ មាសដើម្បីមហាលើកវត្ថុនេះជូនលោកមេបា។ មហាស្នើសុំ លោកមេបាបញ្ជាអាជ្ញាកណ្តាល ទៅពិនិត្យភស្តុភារបណ្ណាការ ខ្វះមុខណាមហាបង្រ្គប់។ មេបាចាត់មនុស្សទៅពិនិត្យ ជាបងឬម្តាយមីងបង្កើត ឲ្យទៅពិនិត្យបណ្ណាការដែលគេរៀបនៅរោងការ។ អាជ្ញាកណ្តាលចាប់មួយមុខពីរៗទៅជូនលោកមេបាពិនិត្យ បើគ្រប់ហើយមេបាបញ្ជាថា ឲ្យហែកំណត់មកចុះ។ ពីដើមហែកំណត់នេះមានតែភស្តុភារបណ្ណាការគ្មានកូនប្រុសទៅជាមួយទេ។ សព្វថ្ងៃមានកូនប្រុសទៅជាមួយ។ ហែដល់មាត់ជណ្តើរ មានបុរសពីរនាក់ឃាត់សួរហេតុការណ៍។
មហាជំរាបសព្វប្រការ ទើបអ្នកចាំជណ្តើរ អនុញ្ញាតឲ្យឡើងផ្ទះ។ រៀបចំជំនួនហើយ លោកមេបាហៅអាជា្ញកណ្តាល ពីរនាក់ពិនិត្យឡើងវិញ។ បើគ្រប់ហើយថាគ្រប់ បើមិនទាន់គ្រប់អាជា្ញកណ្តាលប្រាប់លោកមេបាថាមិនទាន់គ្រប់។ លោកមេបាថា គ្រប់ហើយ។



បញ្ញាក់:មេបាច្រើនឲ្យរៀបពិធី ជូនភស្តុភារបណណ្ណាការមុន ដើម្បីឲ្យយកចេញទុកស្រឡះកន្លែង និង យកវត្ថុនោះទៅប្រើប្រាស់ផង។
ពិធីស៊ីស្លាពីលើម ឲ្យឪពុកម្តាយខាងប្រុស ឬបងប្អូនខាងប្រុសលើកជូនទៅឪពុកម្តាយខាងស្រី តែឥឡូវឃើញកូនមហាជូនវិញ។
លោកមេបាបង្គាប់ទៅមហាឲ្យរករបាំមួយគូ រាំសង្កត់ស្លាដក់ ស្លាកន្សែង។ បើរកបានហើយ លោកមេបាឲ្យរាំសាកដៃសិន។ បើរាំត្រូវ អនុញ្ញាត បើមិនត្រូវមេបាបង្រៀន។ បើនៅតែមិនត្រូវ ឲ្យរកអ្នកផ្សេងមួយគូទៀត។ បន្ទាប់មកលោកមេបាបង្គាប់បន្ត រាំសង្កត់ស្លាដក់ស្លាកន្សែង អាជ្ញាស្រា ដងស្រាដំណើរ អូសស្លា គោះហិប រាំខ្វែងពែង ផឹកប្រាំ ហ៊ោប្រាំ ដោះក្រាល លប់ជើងមួយ មេបាបញ្ជារហូតចប់ ទើបឲ្យមហារៀបពិធីបញ្ចូលក្រយា។ មហាចាត់ចែងរកផ្តឹលទឹក បាយ ម្ហូប ចង្កឹះ ស្លាបព្រា មកដាក់កន្លែសមគូរ។









No comments